ការចែករំលែកបទពិសោធន៍ និងគន្លឹះជោគជ័យពីបុគ្គលិកក្រុមហ៊ុន CheckinMe
បុគ្គលិកក្រុមហ៊ុន CheckinMe បានឡើងចែករំលែកបទពិសោធន៍ និងគន្លឹះជោគជ័យរបស់ខ្លួនទៅដល់សមាជិកថ្មីៗ នៅក្នុងឱកាសពិធីអបអរសាទរខួបទី១១៣ នៃទិវាសិទ្ធនារី កាលពីថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ។
បុគ្គលិកដំបូងដែលឡើងមកចែករំលែកគឺកញ្ញា គុជ កល្យាណ្ណី ដែលកញ្ញាបានចាប់ផ្ដើមធ្វើការជាមួយនឹងមុខតំណែងតូច តែត្រូវទទួលបន្ទុកការងារជាច្រើននៅ CheckinMe។ ប៉ុន្ដែដោយសារសក្កានុពល និងការអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សកញ្ញាបានបន្ដជាមួយ CheckinMe អស់រយៈពេល០៤ ឆ្នាំនិងក្លាយជាអនុប្រធានផ្នែកលក់ដ៏ឆ្នើមម្នាក់នាពេលសព្វថ្ងៃ។
ចំណែកកញ្ញា ខួច ស្រីកែវ វិញចាប់ផ្ដើមអាជីពជា Web Front-End Developer ម្នាក់ដែលមិនស្គាល់សូម្បីតែមុខងារអ្វីមួយក្នុងមុខជំនាញមួយនេះ។ កញ្ញាស្ទើរតែបោះបង់ចោលទៅហើយ ក៏ប៉ុន្តែបន្ទាប់ពីបានទទួលការណែនាំ និងឱកាសពីថ្នាក់ដឹកនាំក្នុងការផ្លាស់ប្ដូរទៅកាន់ជំនាញមួយផ្សេងទៀត ដែលធ្វើឲ្យកញ្ញារកឃើញអ្វីដែលខ្លួនឯងចូលចិត្ត និងបានក្លាយខ្លួនជា Project Manager នាពេលបច្ចុប្បន្ន។
បន្ទាប់ទៀតនោះគឺជានិស្សិតឆ្នាំទី០១ ម្នាក់គ្មានបទពិសោធន៍អ្វីទាំងអស់ចូលមកធ្វើការនៅ CheckinMe ផ្នែកលក់គឺកញ្ញា ឡេន សុខឃីម ។ កញ្ញាធ្លាប់ចង់លាឈប់ជាច្រើនដងព្រោះគិតថាខ្លួនឯងអសមត្ថភាព តែដោយសារការបង្ហាត់បង្រៀនពីក្រុមការងារបានជួយឲ្យកញ្ញាមានក្លាហាន និងបានក្លាយជាអ្នកជំនាញផ្នែកលក់ល្អប្រសើរម្នាក់។
រីឯកញ្ញា ហុំ ដាលីន វិញជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់និងបានចាប់ផ្ដើមជា Customer Support ដែលធ្វើឲ្យកញ្ញាមានភាពតានតឹងក្នុងការងារ និងបានបង្ខំចិត្តស្នើសុំលាឈប់ដោយសារបញ្ហានេះ។ តែថ្នាក់ដឹកនាំក៏បានស្វែងយល់ និងបញ្ចូនកញ្ញាទៅកាន់កាន់មុខដំណែងផ្នែក Accountant វិញដែលជួយឲ្យកញ្ញាចាប់ផ្ដើមមានដំណោះស្រាយលើបញ្ហាខ្លួនឯងបានមកវិញ។
បុគ្គលិកចុងក្រោយគឺលោក ម៉ន សុងរី ជាអ្នកប្រឹក្សាផ្នែកលក់ដ៏ឆ្នើមម្នាក់ដែលលោកមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយមុនពេលចូលមកបម្រើការនៅ CheckinMe។ នៅរយៈពេលដែលលោកបានចាប់ផ្ដើមជាមួយ CheckinMe កន្លងមកនេះ លោកបានជួយអភិវឌ្ឍក្រុមហ៊ុនបានជាច្រើន ហើយលោកក៏ជាចាស់ទុំគំរូម្នាក់ប្រចាំក្រុមហ៊ុនដែលបានបង្ហាត់បង្រៀនបុគ្គលិកទាំងអស់ផងដែរ។ក្នុងនោះដែរលោកក៏បានលើកទឹកចិត្តដល់បុគ្គលិកគ្រប់ៗរូបឲ្យបន្តខិតខំប្រឹងប្រែងទៅមុខទៀតដើម្បីពង្រឹងសមត្ថភាពខ្លួនឯងផង និងចូលរួមចំណែកនៃការអភិវឌ្ឍក្រុមហ៊ុនផង។
ការឡើងចែករំលែកនេះ ជាកត្តាជម្រុញដល់សមាជិកថ្មីៗរបស់ក្រុមហ៊ុន CheckinMe ឲ្យសិក្សាពីបទពិសោធន៍ពិតជាក់ស្ដែងដែលបានកើតមាន និងចេះតស៊ូអត់ធ្មត់ ស្វែងជំនាញនិងក្ដីស្រម៉ៃរបស់ខ្លួន ជាពិសេសមិនបោះបង់ចោលដោយងាយៗទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។