CheckinMe បានដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី AI-face attendance ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា

កាលពីថ្ងៃសុក្រ និងសៅរ៍ ទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CheckinMe ជាប្រព័ន្ធគ្រប់គ្រងបុគ្គលិក និងប្រាក់បៀវត្សរ៍តាមបែបឌីជីថលទំនើបជាងគេនៅកម្ពុជា បានដឹកនាំក្រុមការងារចូលរួមក្នុងវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងការតាំងពិព័រណ៍អនឡាញលើកទី២ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅអគារសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ក្រុមហ៊ុន CheckinMe បានបញ្ចេញនូវបច្ចេកវិទ្យាថ្មី AI-face attendance ជាវិធីសាស្រ្ដទំនើបក្នុងការគ្រប់គ្រងបុគ្គលិកជាមួយការស្កេនមុខ ដើម្បីស្រង់វត្តមាន ភ្ជាប់ជាមួយកម្មវិធីទូរស័ព្ទ តេឡេក្រាម និងមុខងារជាច្រើនក្នុងប្រព័ន្ធតែមួយ។ បច្ចេកវិទ្យានេះជួយសម្រួលដល់ម្ចាស់អាជីវកម្មកាត់បន្ថយពេលវេលាក្នុងការតាមដានទិន្នន័យបុគ្គលិក បង្កើនប្រសិទ្ធភាពការងារ និងងាយស្រួលប្រើប្រាស់ សាកសមសម្រាប់បុគ្គលិកគ្រប់កម្រិត។
កាន់តែពិសេសជាងនេះ ការតាំងពិព័រណ៍បច្ចេកវិទ្យា CheckinMe បានទទួលការចំណាប់អារម្មណ៍ និងមានការទស្សនាពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតដែលមកពីគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន។
ក្រុមហ៊ុន CheckinMe មានសក្ដានុពលយ៉ាងខ្លាំងក្លាក្នុងការបោះជំហានទៅរកស្ដង់ដារខ្ពស់ ដើម្បីចូលរូមក្នុងការជួយអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ព្រមទាំងត្រៀមខ្លួនការឆក់យកឱកាសចូលទៅកាន់ទីផ្សារអាស៊ី និងឆ្ពោះទៅកាន់អន្តរជាតិ។